ប្រព័ន្ធទូរស័ព្ទ:  1264

ធ្វើមាតិកាបែបណាឱ្យទាក់ទាញ?

ការធ្វើមាតិកាឌីជីថល តាមបណ្ដាញសង្គម គឺជាយុទ្ធសាស្រ្ដទីផ្សារបែបថ្មីមួយ ដែលអាជីវកម្មទាំងតូច និងធំ​ និយមអនុវត្តនាពេលបច្ចុប្បន្ន​ ដើម្បីធ្វើការផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះ ផលិតផល និងសេវាកម្មរបស់ខ្លួន។ តែការអនុវត្តទាំងនោះ មិនមែនសុទ្ធតែជោគជ័យទាំងអស់នោះទេ ព្រោះបើមាតិកាមិនសូវទាក់ទាញក៏ពិបាកក្នុងការទាញយកចំណាប់អារម្មណ៍របស់អ្នកលេងបណ្ដាញសង្គមបានដែរ។
ដូចនេះ អត្ថបទនេះ នឹងបង្ហាញពី ​៥ ចំណុច ក្នុងការជួយជាគំនិត ដើម្បីអ្នកអាចធ្វើមាតិកាល្អៗ


១. កំណត់ “នរណាជាអ្នកអាន ឬអ្នកទស្សនា?”  


អ្នកគប្បីឈ្វេងយល់ និងស្រាវជ្រាវច្បាស់លាស់ពីអតិថិជនគោលដៅដែលជាអ្នកទស្សនា បញ្ហាចម្បង តម្រូវការ និងចំណាប់អារម្មណ៍របស់ពួកគេ ដើម្បីអាចជ្រើសរើសប្រធានបទមួយដែលត្រូវនឹងស្ថានការណ៍។ វា ក៏ជួយឱ្យអ្នកផលិតមាតិកា អាចច្នៃពាក្យពេចន៍មួយចំនួនដែលក្រុមមនុស្សគោលដៅឧស្សាហ៍ប្រើទាក់ទងនឹងប្រធានបទនោះ។ នៅពេលដែលអ្នកយល់ច្បាស់ពីអ្វីទាំងនេះហើយ មាតិកានីមួយៗនឹងមានចំណុចពិសេស ហើយទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេឲ្យចុចចែករំលែក និងបញ្ចេញយោបល់ផ្សេងៗ។


២. ឈ្វេងយល់ពីដៃគូប្រកួតប្រជែង


ក្រៅពីអតិថិជន ដៃគូប្រកួតប្រជែងក្នុងវិស័យដែល​ពាក់ព័ន្ធតែមួយក៏ជាផ្នែកសំខាន់ ដែលអ្នកបង្កើតមាតិកាអាចសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមក ដើម្បីអាចដឹងថាវិធីសាស្រ្ដមួយណាមានប្រសិទ្ធភាព។ ណាមួយ វាក៏ជួយឱ្យអ្នកបង្កើតមាតិកា អាចច្នៃមាតិកាក្នុងជ្រុងមួយដែលខុសប្លែកពីគ្នាបានដែរ។


៣​. ខ្លី តែខ្លឹម


មាតិកាលើបណ្ដាញសង្គម ឬការធ្វើទីផ្សារ អាចធ្វើវាអោយខ្លីៗងាយអាន អានលឿន ឆាប់យល់។ វា ចាប់ផ្ដើមពីការកំណត់ប្រធានបទតូចមួយ រួចបង្ហាញពីគំនិតគោលៗផ្សេងៗក្នុងនោះ។ 
“សរសេរអ្វីដែល​ធ្វើឲ្យអ្នកអានចង់ដឹង”!


៤. កំណត់គោលបំណងជាក់លាក់


ចាប់ផ្ដើមធ្វើការកំណត់ថា មាតិកានោះធ្វើឡើងដើម្បីតែសម្រាប់ទាក់ទាញ ឬមួយក៏អប់រំចំណេះដឹង ដើម្បីងាយស្រួលក្នុងការវាយតម្លៃ ហើយការប្រើប្រាស់ពាក្យពេចន៍ក៏អាស្រ័យតាមនោះដែរ។ ជាធម្មតា មាតិកាអប់រំចំណេះដឹង អាចមិនសូវទាក់ទាញច្រើនដូចមាតិកាកម្សាន្តកំប្លែងៗទេ តែអ្នកអាចកំណត់ក្រុមមនុស្សគោលដៅបានងាយជាង។


៥.​ ទៀងទាត់ និងជាក់លាក់


ប្រភេទមាតិកាដែលផ្សព្វផ្សាយទៅ គួរមានភាពទៀងទាត់តាមពេលវេលា និងជាក់លាក់លើផ្នែកណាមួយ​ដើម្បីឱ្យទស្សនិកជន ងាយចំណាំ និងអាចវិលមកទស្សនាមាតិកានោះនៅពេលក្រោយ។ ឧបមា អ្នកផលិតមាតិកាសម្រាប់ផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ អ៊ីចឹងអ្នកអាចធ្វើមាតិកាទាក់ទងនឹងការថែទាំស្បែក ការប្រើប្រាស់ផលិតផលផ្សេងៗ ។ល។ មួយទៀត អ្នកគប្បីកំណត់នូវពណ៌ រូបភាព និងស្ដាយល៍នៃមាតិកា ដើម្បីឲ្យអ្នកមើលឆាប់ស្គាល់ថាមាតិកានោះជារបស់អ្នក៕

 


------------------------
អត្ថបទនេះនាំមកជូនដោយ Khmer Enterprise - សហគ្រិនខ្មែរ
✨ Join us on Telegram Channel: https://t.me/+w84MlB8KVKVjMDBl
🔰 សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។

#KhmerEnterprise #KE #Cambofinance #Content #Article #PublicRelations #KE_PR #PR