ប្រព័ន្ធទូរស័ព្ទ:  1264

ហេតុអ្វីបានជានវានុវត្តភាព មានសារៈសំខាន់ក្នុងភាពជាសហគ្រិន?

“នវានុវត្តភាព” គឺជាភាពច្នៃប្រតិដ្ឋ ដែល​ឈានទៅរកការបង្កើតអ្វីមួយដែល​ថ្មី ដោយរួមបញ្ចូលទាំងការច្នៃគំនិត និងការរកយុទ្ធសាស្រ្ដថ្មីៗ ដើម្បីផលិតឲ្យចេញជារូបរាងអ្វីមួយឡើង ដូចជាសេវាកម្ម ផលិតផល ប្រព័ន្ធប្រតិបត្តិការ និងសូម្បីតែគំរូអាជីវកម្ម។ យ៉ាងណាមិញ “នវានុវត្តភាព” គឺពិតជាមានភាពសំខាន់ខ្លាំងណាស់ក្នុងភាពជាសហគ្រិន។
ក្នុងអត្ថបទនេះ យើងនឹងលើកយកលក្ខណៈពិសេសនៃនវានុវត្តភាព និង សហគ្រិនភាព មកបកស្រាយ។

 


១. នាំភាពខុសប្លែកពីអ្នកដទៃ
ទីផ្សារជាកន្លែងមួយពោរពេញដោយការប្រកួតប្រជែង ដោយផ្ដោតលើតម្លៃ រូបរាង គុណភាព និងបរិមាណ។ ដូចនេះគ្រប់ផលិតផលទាំងអស់គប្បីគួរណាតែពិសេស និងមានភាពទាក់ទាញ។ នវានុវត្តភាព មិនត្រឹមតែធ្វើឱ្យផលិតផល ឬសេវាកម្មរបស់អ្នកទទួលបានចំណាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះនោះទេ ប៉ុន្ដែនៅអាចក្លាយជាយុទ្ធសាស្រ្ដទាក់ចិត្តអតិថិជន និងធ្វើឲ្យពួកគេចង់សាកល្បងប្រើប្រាស់ផលិតផល ឬសេវាកម្មនោះថែមទៀតផង។ ឧទាហរណ៍ ផលិតផលរបស់ក្រុមហ៊ុន Apple  ដែល​ត្រូវបានច្នៃឡើងមានភាពសាមញ្ញតែមិនធម្មតា និងមានលក្ខណៈខុសប្លែកពីគេ ទើបធ្វើឲ្យមានអតិថិជនជាច្រើនចាប់អារម្មណ៍ ហើយអ្វីទាំងនោះគឺកើតចេញពីនវានុវត្តភាពនេះឯង។

 


២. នាំមកនូវដំណោះស្រាយបញ្ហាក្នុងទីផ្សារ 
ការច្នៃប្រតិដ្ឋគំនិតក្នុងការបង្កើតអ្វីមួយដែលថ្មី និងជួយដោះស្រាយបញ្ហាសង្គម ជាចំណុចរសើបមួយដែលធ្វើឱ្យសហគ្រិន ទទួលបានការចាប់អារម្មណ៍បានលឿន និងច្រើន ពីសំណាក់មហាជន។ ដោយសារ ជាធម្មតា មនុស្សត្រូវការប្រើប្រាស់អ្វី មួយដែលជួយឱ្យពួកគេទទួលបានភាពងាយស្រួល និងសមតម្លៃដែលផ្តោះប្តូគ្នាទៅ។

 


៣. បត់បែនបានរហ័ស
គំនិតអាជីវកម្មមួយបានជោគជ័យ ឬបរាជ័យក៏អាស្រ័យលើពេលវេលា និងល្បឿននៃការបត់បែនបែបវៃឆ្លាតរបស់សហគ្រិនផ្ទាល់ដែរ។ ដូចនេះ សហគ្រិនតម្រូវឱ្យអភិវឌ្ឍគំនិតអាជីវកម្មដើម្បីដើរឱ្យទាន់ការវិវឌ្ឍនៃសង្គម និងអ្វីដែលមនុស្សភាគច្រើនយកចិត្តទុកដាក់។ ឧទាហរណ៍​​ ក្រុមហ៊ុន​ Tesla ផលិតរថយន្តប្រើប្រាស់អគ្គិសនី ស្របពេលពិភពលោកចាប់ផ្ដើមចាប់អារម្មណ៍ខ្លាំងលើការបំពុលបរិស្ថាន។ នេះ ជាការបង្កើតថ្មីមួយរបស់ Tesla ហើយក៏ធ្វើឱ្យក្រុមហ៊ុនរថយន្តនេះទទួលបានការចាប់អារម្មណ៍ច្រើន។

 


៤. នាំមកនូវវឌ្ឍនភាពនៃអាជីវកម្ម
ការបង្កើតគំនិតថ្មីមួយ នឹងជួយឱ្យអ្នកមានចំណុចលេចធ្លោជាងអាជីវកម្មផ្សេងទៀត ហើយក៏អាចនាំមកនូវភាពជោគជ័យ និងពង្រីកខ្លួនបានលឿនផងដែរ ពេលអ្នកបត់បែនបានរហ័សតាមសង្គម។ ឧទាហរណ៍ ភាពជោគជ័យនៃ​ Amazon ទាក់ទងនឹងការផ្លាស់ប្ដូររបៀបលក់សៀវភៅធម្មតា ទៅជាការលក់អនឡាញ ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចូលចិត្តអាន។ បន្ទាប់មក ក៏វិវឌ្ឍខ្លួនក្លាយក្រុមហ៊ុនដឹកជញ្ជូនមួយដ៏ធំលំដាប់ពិភពលោក។

 

ជារួមមកវិញ សហគ្រិនភាពអាចដើរទៅមុខបានរលូន និងជោគជ័យ គឺត្រូវការចំណេះជំនាញច្រើនមកអនុវត្ត ហើយមួយក្នុងចំណោមនោះគឺ នវានុវត្តភាព ដែល​ជាភាពច្នៃប្រតិដ្ឋប្រកបដោយ គំនិត និងដំណោះស្រាយថ្មីៗ ក៏ដូចជាយុទ្ធសាស្រ្ដនានា ដើម្បីអាចឆ្លើយតបនឹងបញ្ហាដែល​ចោទឡើងក្នុងសង្គម៕
------------------------
អត្ថបទនេះនាំមកជូនដោយ Khmer Enterprise - សហគ្រិនខ្មែរ
✨ Join us on Telegram Channel: https://t.me/+w84MlB8KVKVjMDBl
🔰 សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។

#KhmerEnterprise #KE #Cambofinance #Content #Article #PublicRelations #KE_PR #PR

Ref: 
https://www.poddarinstitute.org/our-blogs/role-of-innovation-in-entrepreneurship

https://digitalleadership.com/blog/the-innovation-entrepreneurship-relationship/#The_Role_of_Innovation_in_Entrepreneurship